(តូក្យូ)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានឱ្យដឹងនៅថ្ងៃអង្គារថា ភ្ញៀវទេសចរបរទេសដែលទៅទស្សនាប្រទេសជប៉ុន នឹងត្រូវបានតម្រូវឱ្យពាក់ម៉ាស ទិញធានារ៉ាប់រង សុខភាព និងត្រូវបានឃ្លាំងមើល ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសជប៉ុន ខណៈដែលប្រទេសនេះ គ្រោងនឹងបើកចំហរជាបណ្តើរៗ ពីការរឹតបន្តឹងរយៈពេលពីរឆ្នាំមកនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សំដីរបស់ទីភ្នាក់ងារ ទេសចរណ៍ជប៉ុន (JTA) ថា មានតែអ្នកទេសចរទិញកញ្ចប់ទេសចរណ៍ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យទៅ កម្សាន្តប្រទេសជប៉ុន ក្នុងអំឡុងពេលដំណាក់កាលដំបូង នៃការបើកដំណើរការប្រទេសឡើងវិញ ចាប់ពីថ្ងៃទី១០ ខែមិថុនា។ ទីភ្នាក់ងារនេះបានបន្ថែមថា មគ្គុទ្ទេសក៍របស់ភ្នាក់ងារទេសចរណ៍ ដែលអមដំណើរអ្នកទស្សនានឹងត្រូវធានាថា ពួកគេពាក់ម៉ាស់។
JTA បានឱ្យដឹងនៅក្នុងគោលការណ៍ណែនាំរបស់ខ្លួនថា៖ «មគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវរំលឹកជាញឹក ញាប់ទៅកាន់អ្នកចូលរួមដំណើរទេសចរណ៍ អំពីវិធានការការពារការឆ្លងមេរោគចាំបាច់ រួមទាំងការពាក់ និងការដោះម៉ាស់ នៅដំណាក់កាលនីមួយៗ នៃដំណើរទេសចរណ៍។ សូម្បីតែនៅខាងក្រៅក៏ដោយ ការពាក់ម៉ាស់ត្រូវបន្តពាក់ក្នុងស្ថានភាព ដែលមនុស្សកំពុងជជែកគ្នាយ៉ាងជិតស្និទ្ធ»។
ប្រទេសជប៉ុន បានដាក់ចេញការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹងបំផុតមួយចំនួន ក្នុងពិភពលោកក្នុងអំឡុង ពេលមានជំងឺរាតត្បាត ដោយហាមប្រាមការចូលក្នុងប្រទេសដល់មនុស្សស្ទើរតែទាំងអស់ ដែលមិន មានជាពលរដ្ឋរបស់ខ្លួន។
ដោយសារប្រទេសភាគច្រើន នៅក្នុងពិភពលោកបានបើកចំហរពីការបិទខ្ទប់ ដើម្បីការងារជំងឺកូវីដ-១៩ ប្រទេសជប៉ុនក៏កំពុងបន្ធូរបន្ថយច្បាប់ របស់ខ្លួនផងដែរ។ លោកនាយករដ្ឋមន្ត្រី Fumio Kishida បានសន្យាថា នឹងចាត់វិធានការព្រំដែនឱ្យស្របជាមួយនឹងប្រទេសអ្នកមានផ្សេងទៀត។
ក្នុងឆ្នាំ២០១៩ ប្រទេសជប៉ុនទទួលភ្ញៀវបរទេសចំនួន ៣១,៩លាននាក់ ដែលបានទទួលប្រាក់ ចំណូល ៤,៨១ទ្រីលានយ៉េន៕