អាជ្ញាធរខេត្តបន្ទាយមានជ័យ អំពាវនាវមិនឲ្យប្រជាកសិករធ្វើស្រូវប្រាំងជាលើកទីពីរ

បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់អាជ្ញារស្រុក ក្រុង ឃុំ និងភូមិនៅក្នុងខេត្ត ក្នុងការពិនិត្យមើលស្ថានភាពទឹក និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ កសិករ មិនអនុញ្ញាតឲ្យបង្កបង្កើនផលស្រូវប្រាំងជាលើកទី២ នោះទេ ដើម្បីជាវិធានការក្នុងការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខ ក៏ដូចជាអនុវត្តតាមសារាចរនៃនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាទឹកទុក ដោយសារព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាបណ្តាប្រទសក្នុងតំបន់ទទួលរងនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ (EI Nino)ដែលបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើនដូចជា ៖ អាកាសធាតុមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាករអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក បន្ទាប់មកក៏ស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។

ការលើកឡើង នឹងជម្រុញដល់អាជ្ញាធរមូលដ្ឋាន នេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំ សាមញ្ញលេីកទី៦ អាណត្តិ ទី៣ របស់ក្រុមប្រឹក្សាខេត្ត ដែលធ្វើឡើងក្រោមអធិបតីភាព លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ រួមនឹងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុង-ស្រុក បានចូលរួមនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩។

លោក អ៊ុំ រាត្រី ក៏បានលើកឡើងទៀតថា ៖ ជាក់ស្តែងឥលូវនេះទឹកនៅក្នុងតំបន់ និងស្រុកមួយចំនួន តាមស្ទឹង បឹង បួរ មានការស្រករីងជាបណ្តើរៗហើយ ដោយក្នុងនោះស្រុកមង្គលបូរី ទឹកស្ទឹងកំពុងតែមានភាពស្រកលឿន ហើយកន្លងទៅស្រុកក្រុងទាំង៩ នៅក្នុងខេត្ត ពិសេសស្រុកមង្គលបូរីតែម្តង បានប្រឈមនូវការខ្វះខាត់ទឹកធ្ងន់ធ្ងរជាគេ បន្ទាប់មកមានស្រុកអូរជ្រៅ ស្វាយចេក ព្រះនេត្រព្រះ ថ្មពួក និងស្រុកមួយចំនួនទៀតផងដែរដែលទទួលរងនូវការខ្វះខាតទឹកនាឆ្នាំកន្លងទៅ ផង។

ដើម្បីជាវិធានការ អភិបាលខេត្ត ក៏បានជម្រុញ អាជ្ញាធរ ស្រុកក្រុងទាំង៩ នៅក្នុងខេត្ត អ្នកពាក់ព័ន្ធ ត្រូវមានវិធានការថែរក្សាទឹកទុកប្រេីប្រាស់ តាមរយៈ ការស្តុបទឹកទុក តាមស្ទឹង បឹង បួរ តាមដែលអាចធ្វើទៅបាន ម្យ៉ាងវិញទៀត ត្រូវប្រេីប្រាស់ទឹកមានលក្ខណៈសន្សំសំចៃខ្ពស់ទៅតាមលទ្ធភាព។

សូមបញ្ជាក់ថា ៖ យោងតាមសារាចរណែនាំស្ដីពី ការចាត់វិធានការរក្សាទឹកទុក របស់រាជរដ្ឋាភិបាលកម្ពុជា លេខ១១ សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៩កន្លងទៅ បានធ្វេីការណែនាំដូចខាងក្រោម ៖ ១- ការបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩-២០២០ គឺអាចធ្វើបានតែមួយដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទីពីរបានទេ បើទោះបីជាទឹកនៅតាមបណ្ដាអាង ដែលស្តុបទុក និងកន្លែងមួយចំនួនដែលមានទឹកធម្មតាក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីដំណាំស្រូវ។ ២-ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការរក្សាទឹកទុកឲ្យបានល្អដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់ពេលភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕