វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៣,៨៨៩ករណី» ក្នុងនោះទីក្រុងហាណូយ១,៧៦៦ ករណី, ហូជីមិញ៧០២ករណី ព្រមទាំងស្លាប់ថ្មីចំនួន២៤៥នាក់ទៀតក្នុងរបាយការណ៍ថ្ងៃពុធនេះ


 (ហាណូយ)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១អោយដឹងថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បាន ប្រកាសរក ឃើញករណី ឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៣,៨៨៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។ ករណីឆ្លងខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៧៦៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន ៧០២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Vĩnh Long ចំនួន៩១៧ករណី, ខេត្ត Tây Ninh ចំនួន៩៣៨ករណី និងខេត្ត Khánh Hòa ចំនួន៧៩៣ករណី។

ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៤៥នាក់បន្ថែមទៀតផងដែរ។

ជាសរុប គិតត្រឹមយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅ ទូទាំងប្រទេសចំនួន ១,៦៩៤,៨៧៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៣០២,៥៤២នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣១,៨៧៧នាក់៕