(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២១នេះ បានផ្តល់អនុសាសន៍ចំនួន៧ចំណុច ដើម្បីធានានូវភាពជោគជ័យការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ។ នេះបើតាម សារលិខិតដែលទទួលបាន។
អនុសាសន៍ទាំង ៧ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីធានានូវភាពជោគជ័យការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយនេះ រួមមាន៖
*ទី១៖ ទោះបីជាជនរួមជាតិបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយក៏ដោយ ក៏ត្រូវបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយបើមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ១៩ សូមមេត្តាអញ្ជើញទៅចាក់វ៉ាក់ សាំងឱ្យបានគ្រប់ៗគ្នាតាមការណែនាំ និងតាមទីកន្លែងដែលបានកំណត់ដោយរដ្ឋបាលរាជធានី -ខេត្ត ដើម្បីបង្កើតភាពស៊ាំ ចៀសផុតពីគ្រោះមហន្តរាយនៃជំងឺរាតត្បាតកាចសាហាវនេះ។
*ទី២៖ ត្រូវប្រកាន់ខ្ជាប់ជារៀងរហូតនូវវប្បធម៌ចែករំលែកដោយឈរលើស្មារតីជួយគ្នាទៅវិញទៅមក សហការឱ្យកាន់តែរឹងមាំថែមទៀតជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយរំលែក ទុក្ខលំបាកប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេស។
*ទី៣៖ បន្តពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព ម៉ាកូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាសុខុមាលភាព ជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍប្រទេស ជាតិឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។
*ទី៤៖ ត្រូវបង្កើនការយល់ដឹងអំពីឥទ្ធិពលផលប៉ះពាល់ពីគ្រោះមហន្តរាយ ដោយប្រកាន់ខ្ជាប់វិធាន ការត្រៀម បង្ការ ប្រកបដោយស្មារតីភ្ញាក់រលឹកតាមលំនាំថ្មី និងការទទួលខុសត្រូវខ្ពស់ នូវរបៀបរបប រស់នៅស្អាត ថែរក្សាសុខភាពផ្ទាល់ខ្លួន អនាម័យខ្លួនប្រាណ អនាម័យលំនៅដ្ឋាន ការទុកដាក់សំរាម សំណល់រឹង បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិកជាដើម។ ការពារថែរក្សាប្រព័ន្ធស្រោចស្រព ប្រឡាយ លូ ប្រព័ន្ធរំដោះទឹកដើម្បីការរស់នៅប្រកបដោយផាសុខភាព និងសុខុមាលភាព ជៀសផុតពីគ្រោះ មហន្តរាយផ្សេងៗ។
*ទី៥៖ ក្រសួងស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយដោយផ្តោតសំខាន់លើការត្រៀមបង្ការហានិភ័យដើម្បីកាត់បន្ថយគ្រោះមហន្តរាយដោយត្រៀមរៀបចំសម្រាប់ការឆ្លើយតប ទៅនឹងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស ជួយដល់ប្រជាជនក្រីក្រ ងាយរងគ្រោះ ស្ត្រី កុមារ ចាស់ជរា និងជនមានពិការភាព។
*ទី៦៖ វិស័យឯកជន ដៃគូរអភិវឌ្ឍ សង្គមស៊ីវិល បន្តចូលរួមសហប្រតិបត្តិការកៀរគរធនធានដែល ចាំបាច់ ដើម្បីធានាអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យមានប្រសិទ្ធភាព សម្រាប់ភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
*ទី៧៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមានបណ្តាញសង្គម វិទ្យុ ទូរទស្សន៍ សារព័ត៌មានរបស់រដ្ឋនិង ឯកជនសូម ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានព្យាករណ៍អាកាសធាតុ កំណើនទឹកទន្លេ ស្ទឹង ព្រែក មុខសញ្ញា គ្រោះថ្នាក់ផ្សេងៗ និងសារអប់រំការយល់ដឹងជាសាធារណៈពីវិធានការ ដើម្បី បញ្ចៀសគ្រោះមហន្តរាយជូនដល់សាធារណៈជនជ្រាបទាន់ពេលវេលា និងឆាប់រហ័ស៕