រដ្ឋមន្ត្រីប្រាប់កីឡាករ៖ ទៅចាក់វ៉ាក់សាំង ប្រសិនបើអ្នកចង់ប្រកួត ក្នុងព្រឹត្តិការណ៍តេន្នីស Australian Open


 (មែលប៊ន)៖ កីឡាករតេន្នីស ដែលមានគម្រោងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ Australian Open នៅទីលាន Melbourne Park គួរតែចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីអនុញ្ញាតឲ្យពួកគេ មានឱកាសល្អបំផុត ក្នុងការប្រកួតពាន់រង្វាន់ Grand Slam, នេះបើតាមសម្តីមន្ត្រីរដ្ឋាភិបាល អូស្ត្រាលីមួយរូប បានលើកឡើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។រដ្ឋ Victoria បានណែនាំឲ្យមានការចាក់វ៉ាក់សាំង សម្រាប់អត្តពលិក អាជីពទាំងអស់ ប៉ុន្តែអាជ្ញាធរមិនទាន់បញ្ជាក់ច្បាស់នោះទេ ថាតើអត្តពលិកមកពីក្រៅប្រទេស ឬក៏មកពីរដ្ឋផ្សេងទៀតរបស់អូស្ត្រាលី ត្រូវតែចាក់វ៉ាក់សាំងដែរឬទេ។

រដ្ឋមន្ត្រីកីឡារដ្ឋ Victoria លោក Martin Pakula បានជំរុញឲ្យកីឡាករ កុំមានការស្ទាក់ស្ទើរចិត្ត ក្នុងការចាក់វ៉ាក់សាំង។

លោក Pakula បានប្រាប់ស្ថានីយវិទ្យុ SEN ថា «ប្រសិនបើខ្ញុំជាកីឡាករ ATP ឬក៏ WTA, ខ្ញុំនឹងទៅចាក់វ៉ាក់សាំង»។ «វានឹងផ្តល់ឲ្យពួកគេ នូវឱកាសល្អបំផុត ក្នុងការប្រកួត នៅព្រឹត្តិការណ៍ Australian Open ជាមួយនឹងការរឹតបន្តឹងតិចជាង ដែលអាចដាក់ឲ្យអនុវត្ត សម្រាប់អ្នកទាំងនោះ»។

ស្ថាប័នគ្រប់គ្រងកីឡាវាយតេន្នីសអូស្ត្រាលី (Tennis Australia), ដែលជាអ្នករៀបចំការប្រកួតពាន់ រង្វាន់ Grand Slam នោះ, មិនទាន់បានបង្ហាញពីការរៀបចំណាមួយ សម្រាប់កីឡាករ ដែលចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ នៅខែមករា ឆ្នាំក្រោយនោះទេ៕