(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ កម្ពុជា នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសន្និ សីទស្តីពីអន្តរកម្ម និងវិធានការ កសាង ទំនុក ចិត្ត នៅអាស៊ី (CICA) លើកទី៦ នៅរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលទទួលបាន។
ការចូលរួមកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់ លោក មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលកិច្ចប្រជុំនឹងត្រូវបាន ធ្វើឡើង ក្រោមមូលបទ «សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី ក្នុងតថភាព ថ្មី នៃ ពិភពលោកក្រោយការរីករាលដាលនៃជំងឺរាតត្បាត»។
កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសសម្រាប់អ្នកចូលរួម ទាំងអស់ផ្លាស់ប្តូរយោបល់គ្នាអំពីការពង្រឹងបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការ CICA ជាពិសេស ការ ស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។
តាមការបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងបទអន្តរាគមន៍ ឯកឧត្តម ប្រាក់ សុខុន នឹងធ្វើការកោតសរសើរចំពោះដំណើរការ របស់កិច្ចសហប្រតិបត្តិការ CICA ក្នុងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តី អាចនឹងលើកឡើងផងដែរអំពីជំងឺកូវីដ-១៩ និងផលប៉ះពាល់មកលើ សន្តិភាព និងវិបុល ភាពរបស់ពិភពលោក និងសណ្តាប់ធ្នាប់អន្តរជាតិ។ លោកក៏នឹងចែករំលែកអនុសាសន៍ ប្រកបដោយ អត្ថន័យទូលំទូលាយ និងប្រាកដប្រជា ដល់កិច្ច ប្រជុំផងដែរ សម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។
ការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថារបស់ ឯកឧត្តម ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំ បញ្ជាក់នូវការ ប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ CICA ព្រមទាំងនឹងជួយពង្រឹង និង ពង្រីកបន្ថែម នូវទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន សម្រាប់ផល ប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕