ទីភ្នាក់ងារ UN ខ្វះខាតថវិកា «១២០លានដុល្លារ» ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ ជនភៀសខ្លួនប៉ាឡេស្ទីន


 (ហ្គាហ្សា)៖ ទីភ្នាក់ងារផ្ដល់ជំនួយអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានព្រមានកាលពីពេលថ្មីៗនេះថា ការខ្វះខាតថវិកាប្រមាណ ១២០លានដុល្លារ អាមេរិក បានជះឥទ្ធិពលដល់ទីភ្នាក់ងាររបស់ខ្លួន ក្នុងការផ្ដល់សេវាកម្មមនុស្សធម៌នៅឆ្នាំ២០២១ នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១។

លោក អេដណាន អាប៊ូ ហេស្នា (Adnan Abu Hasna) ទីប្រឹក្សារបស់ UNRWA នៅក្នុងតំបន់ ហ្គាហ្សាស្រ្ទីព (Gaza) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «UNRWA កំពុងខ្វះខាតផ្នែក ហិរញ្ញវត្ថុប្រហែល ១២០លានដុល្លារអាមេរិក ដែលជាចំនួនដ៏ចាំបាច់បំផុត ដើម្បីបំពេញតម្រូវការ ជនភៀសខ្លួនប៉ាឡេស្ទីន នៅក្នុងតំបន់ប្រតិបត្តិការចំនួន ៥ របស់ UNRWA។ សេវាកម្មមនុស្សធម៌របស់យើង ដែលត្រូវផ្តល់សម្រាប់ជនភៀសខ្លួន នឹងមានការរាំងស្ទះ ប្រសិនបើ យើងមិនទទួលបានមូលនិធិ ដែលត្រូវការនៅចុងឆ្នាំ២០២១នេះទេ រួមមាន ២០លានដុល្លារអាមេរិក សម្រាប់ខែតុលា និង ១០០លានដុល្លារអាមេរិកសម្រាប់ខែវិច្ឆិកា និងខែធ្នូ»៕