មនុស្ស៤នាក់ បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះនៅសហរដ្ឋអាមេរិក


 (វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១ គឺបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដោយ ដកស្រង់ សម្តីអាជ្ញាធរថា មនុស្សទាំង ០៤នាក់នៅលើយន្តហោះធុនតូចមួយគ្រឿងប្រភេទ Cessna 210 បានស្លាប់នៅរសៀលថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បន្ទាប់ពីបានធ្លាក់ និងផ្ទុះ ឆេះនៅក្បែរទីក្រុងអាត្លង់តា (Atlanta) រដ្ឋចរចៀ (Georgia) សហរដ្ឋអាមេរិក។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា យន្តហោះធុនតូចមួយគ្រឿងប្រភេទ Cessna 210 ខាងលើ បានធ្លាក់ និងផ្ទុះឆេះនៅវេលាម៉ោងប្រហែល ០១៖១០នាទីរសៀលថ្ងៃសុក្រសប្ដាហ៍នេះ ពោលគឺភ្លាមៗបន្ទាប់ពីវាបានហោះចេញពីអាកាសយានដ្ឋាន DeKalb-Peachtree ដែលស្ថិតនៅ ជាយ ក្រុងភាគឦសាននៃទីក្រុង Atlanta។

ក្រុមអ្នកពន្លត់អគ្គិភ័យ បានបញ្ជាក់ថាអគ្គិភ័យនេះត្រូវបានពន្លត់ភ្លាមៗ ហើយក្នុងចំណោមមនុស្ស ទាំង ០៤នាក់ គ្មាននរណាម្នាក់នៅរស់រានមានជីវិតពី គ្រោះថ្នាក់នេះទេ។ អត្តសញ្ញាណជនរងគ្រោះ ក៏មិនទាន់ត្រូវបានបង្ហាញនៅឡើយដែរ។ ចំណែកឯ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ កំពុងដឹក នាំការស៊ើបអង្កេតលើឧបត្តិហេតុនេះ ដើម្បីកំណត់ពីមូលហេតុ៕