បារាំងកោះហៅអគ្គរដ្ឋទូតប្រចាំអូស្ត្រាលី និងសហរដ្ឋអាមេរិក ឲ្យត្រលប់មកវិញ ជាការឆ្លើយតបនឹង កិច្ចសហការផលិត នាវាមុជទឹក-នុយក្លេអ៊ែរ

(ប៉ារីស)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា បារាំងហាក់កំពុងធ្លាក់ចូលទៅក្នុងវិបត្តិការទូត ដែលមិនធ្លាប់មាន ពីមុនមក ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី បន្ទាប់ពីប្រទេសអឺរ៉ុបមួយនេះ បានកោះហៅឯក អគ្គរដ្ឋទូតរបស់ខ្លួន ពីប្រទេសទាំងពីរឲ្យត្រលប់មកវិញ ជាការឆ្លើយតបនឹងកិច្ចព្រមព្រៀងសន្តិសុខ ត្រីភាគី (A-UK-US) ដែលបានជាន់ពន្លិចកិច្ចសន្យាទិញនាវាមុជទឹក ដែលផលិតដោយបារាំងតម្លៃ ៤០ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) បានថ្លែងនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅទីក្រុងប៉ារីស) ថា «ការសម្រេចចិត្តដ៏កម្រ កើតមានបំផុតនេះ ត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតី អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ដោយយោងទៅតាមភាពធ្ងន់ធ្ងរនៃបញ្ហានេះ»។

សេចក្តីថ្លែងការណ៍របស់លោក Jean-Yves Le Drian បានគូសបញ្ជាក់បន្តទៀតថា «ការបោះបង់ ចោលគម្រោងទិញនាវាមុជទឹក (បារាំង)… និងការប្រកាសភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិក ដែល មានគោលបំណងបើកការស្រាវជ្រាវថ្មី សម្រាប់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរថ្មី (ការជួយអូស្ត្រាលី ទទួលបានបច្ចេកវិទ្យាផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសំណាក់អាមេរិក និងអង់ គ្លេស) នាពេលអនាគត គឺជាអាកប្បកិរិយាមិនអាចទទួលយកបានឡើយ ក្នុងនាមជាសម្ពន្ធមិត្ត នឹងគ្នា។

វាជាផលវិបាកដែលប៉ះពាល់ខ្លាំងបំផុត ទៅដល់ភាពជាសម្ព័ន្ធមិត្តនៃយើងទាំងឡាយ ព្រម ទាំងទៅលើភាពជាដៃគូ និងសារៈសំខាន់នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់សហភាពអឺរ៉ុប»៕