(ប៉េកាំង)៖ ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង បានប្រកាសនៅថ្ងៃអង្គារនេះថា មន្រ្តីកំពូលចិនលំដាប់ទី៣ គឺលោក Zhao Leji នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ក្នុងសប្តាហ៍នេះ ស្របពេលដែលប្រទេសទាំងពីរ អបអរគម្រប់ខួប៧៥ឆ្នាំនៃចំណងការទូត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា លោក Zhao ដែលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ក្នុងការិយាល័យនយោបាយដ៏មានឥទ្ធិពលបំផុត របស់គណបក្សកុម្មុយនិស្តចិន ព្រមទាំងជាប្រធានសភាប្រជាជនចិន នឹងដឹកនាំគណៈប្រតិភូ មានសមាសភាពនៃមន្រ្តីរដ្ឋាភិបាល និងសមាជិកបក្សកុម្មុយនិស្ត ទៅបំពេញទស្សនកិច្ចសុឆន្ទៈផ្លូវការមួយ នៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង ក៏បានរាយការណ៍ផងដែរថា លោក Zhao នឹងបំពេញទស្សនកិច្ចសុឆន្ទៈលក្ខណៈផ្លូវការ តបតាមការអញ្ជើញពីគណបក្សកាន់អំណាចរបស់ទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្ត និងជាអ្នកជួយគាំទ្រសេដ្ឋកិច្ចដ៏សំខាន់បំផុត របស់កូរ៉េខាងជើង ខណៈទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានកសាងឡើង អំឡុងសម័យសង្រ្គាមកូរ៉េ នាទសវត្សរ៍ឆ្នាំ១៩៥០។ លោក Zhao Leji គឺជាមន្រ្តីកំពូលចិនលំដាប់ទី៣ បន្ទាប់ពីប្រធានាធិបតី ស៉ី ជីនពីង និងនាយករដ្ឋមន្រ្តី Li Qiang៕