រដ្ឋមន្រ្តីអប់រំ អំពាវនាវយុវជនខ្មែរសិក្សាភាសាខ្មែរឱ្យច្បាស់ ហើយសិក្សាភាសាដទៃទៀតឱ្យបានច្រើន


(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យយុវជនខ្មែរសិក្សាភាសាខ្មែរឱ្យច្បាស់ ហើយសិក្សាភាសាដទៃទៀតឱ្យបានច្រើន ព្រោះអ្នកដែលចេះភាសាច្រើន ធ្វើឲ្យខួរក្បាលគិតបានល្អ និងងាយស្រួលទំនាក់ទំនង។

ឯកឧត្តម ថ្លែងបែបនេះ នៅពេលធ្វើសន្និសីទសារព័ត៌មានស្តីពី «ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះមានដេប៉ា តឺម៉ង់សិក្សាវៀតណាម» នៅទីស្តីការក្រសួងអប់រំ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម រដ្ឋមន្ត្រីដែលចេះរហូតដល់ទៅ៦ភាសា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការស្រាវជ្រាវ ការចេះភាសាច្រើន ធ្វើឲ្យខួរក្បាលគិតបានល្អ ជាងអ្នកចេះភាសាតែមួយ និងមានការយល់ដឹង ខាងផ្នែកវប្បធម៌ វិទ្យាសាស្ត្រ និងមានបំណិនទំនាក់ទំនងបានល្អជាង។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹក ចិត្តឲ្យយុវជនខ្មែរ រៀនភាសាខ្មែរឲ្យច្បាស់»

បើតាមលោករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញជាកម្មវិធីអំណានដំបូង នៅថ្នាក់ទី១ ទី២ ទី៣ និងគណិតដំបូង ដោយឲ្យសិស្សចេះភាសាខ្មែរឲ្យបានច្បាស់ មានមូលដ្ឋានគ្រឹះឲ្យច្បាស់ ចាប់ពីថ្នាក់ទី៤ ឡើងទៅ ទើបចាប់ផ្តើមបង្រៀនភាសាបរទេស ជាភាសាទីពីរ។

សូមជម្រាបថា ឯកឧត្តម ហង់ជួន ណារ៉ុន ដែលជាបណ្ឌិតផ្នែកសេដ្ឋកិច្ច ដែលបញ្ចប់ការសិក្សាពី ប្រទេសរុស្ស៉ី ចេះភាសាអឺរ៉ុប ចំនួន ៣ភាសា និងភាសាអាស៉ី ចំនួន ៣ភាសា (រួមទាំងខ្មែរ)៕