ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០នាក់ថ្មីទៀត ក្នុងនោះ មាន ៣៨នាក់ឆ្លងក្នុងសហគមន៍ក្នុង និង ២នាក់ជាករណីនាំចូលពីក្រៅប្រទេស។
ក្នុងសេចក្តីប្រកាសបញ្ជាក់ថា អ្នកជំងឺដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ទាំង ៣៨នាក់ ក្នុងនោះមានជនជាតិចិន ៣៥នាក់ ជនជាតិវៀតណាម ២នាក់ និងជនជាតិខ្មែរម្នាក់។ ចំណែកអ្នកធ្វើដំណើរមកពីក្រៅប្រទេស រកឃើញឆ្លងកូវីដ-១៩ ទាំង២នាក់ គឺជាជនជាតិចិន នៅខេត្តព្រះសីហនុ។
ចំណែកការព្យាបាលនៅថ្ងៃទី២៤ ខែកុម្ភ: នេះ មានអ្នកជំងឺម្នាក់បានជាសះស្បើយ គឺជាបុរសជនជាតិខ្មែរ ដែលស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ អ្នកធ្វើដំណើរមកពីប្រទេស គុយវ៉ែត។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺចំនួន ១៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕