ប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តពិភាក្សា និងអនុម័ត លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការកំណត់ប្រាក់ឈ្នួល ឬ ប្រាក់បៀវត្សជាប់ភាគទាន និងបញ្ហាផ្សេងៗ ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម ក្នុងការដឹកនាំកិច្ចប្រជុំលើកទី៤ អាណត្តិទី១ ។
បើតាមគេហទំព័ររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្សាយឱ្យដឹងថា នៅក្នុងឱកានោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឱ្យច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ កាន់តែមានលក្ខណៈល្អឡើង ធ្វើយ៉ាងណាឲ្យការអនុវត្តតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។
គួររំលឹកថា កន្លងមកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានបើកកិច្ចប្រជុំពិភាក្សារបស់ខ្លួនចំនួន ៣លើករួចមកហើយ ដែលក្នុងនោះ បានសម្រេច និងអនុម័តទៅលើរបៀបវារៈមួយចំនួនដូចជា៖ ១- អនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃបេឡាជាតិសន្តិសុខសង្គម និងបទបញ្ជាផ្ទៃក្នុង របស់បេឡាជាតិសន្តិសុខសង្គម។ ២- សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធី នៃការប្រជុំរបស់ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ សន្តិសុខសង្គម។ ៣- អនុក្រឹត្យស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និង ៤- សេចក្តីសម្រេចស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក នៅសាលប្រជុំក្រុមប្រឹក្សាភិបាល នៃទី ស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន១០រូប៕